កាលពីយូរលង់មកហើយ មានដើមប៉ោមដ៏ធំមួយហើយមានក្មេង ប្រុសម្នាក់ស្រលាញ់ដើមឈើនេះណាស់។ ក្មេងប្រុសតែងតែទៅលេងជុំវិញដើមឈើនោះជារៀងរាល់ថ្ងៃ។ គេចូលចិត្តឡើងលេងលើចុងឈើ បេះផ្លែប៉ោមញុាំ និង សម្រាកក្រោមម្លប់របស់វា។ គេស្រលាញ់ដើមឈើនោះហើយដើមឈើនោះក៏ស្រលាញ់គេវិញដែរ។ពេលវេលាចេះតែកន្លងផុតទៅ... ក្មេងប្រុសតូចនោះបានចំរើនវ័យធំឡើង គេមិនបានទៅលេងជុំវិញដើមឈើជារៀងរាល់ថ្ងៃទៀតទេ។
ថ្ងៃមួយក្មេងប្រុសបានត្រឡប់មករកដើមឈើដោយទឹកមុខក្រៀមក្រំ។
- មកលេងជាមួយខ្ញុំ (ដើមឈើហៅក្មេងប្រុស)
- ខ្ញុំមិនមែនក្មេងដូចមុនទេ ខ្ញុំមិនលេងជុំវិញដើមឈើទៀតទេ (ក្មេងប្រុសតប) ។ ខ្ញុំចង់បានតុក្កតា ខ្ញុំត្រូវការលុយដើម្បីទិញវា (ក្មេងប្រុសនិយាយ)។
- សូមទោសណា! ខ្ញុំគ្មានលុយឱ្យឯងទេ តែឯងអាចបេះផ្លែរបស់ខ្ញុំទៅលក់ដើម្បីបានលុយ (ដើមប៉ោមនិយាយ) ។ ក្មេងប្រុសសប្បាយចិត្តយ៉ាងខ្លាំងគេឡើងបេះផ្លែប៉ោមលើដើមរហូតទាល់តែអស់ ហើយចាកចេញទៅយ៉ាងសប្បាយចិត្ត។ គេមិនបានត្រឡប់មកវិញម្តងទៀតទេ បន្ទាប់ពីគេបេះផ្លែ ប៉ោមអស់។
ថ្ងៃមួយក្មេងប្រុសបានត្រឡប់មកវិញធ្វើឱ្យដើមប៉ោមសប្បាយចិត្តយ៉ាងខ្លាំង។
- មកលេងជាមួយខ្ញុំមក (ដើមឈើនិយាយ)
- ខ្ញុំគ្មានពេលលេងទេ ខ្ញុំត្រូវធ្វើការចិញ្ចឹមប្រពន្ធរបស់ខ្ញុំ (ក្មេងប្រុសតប)។ ពេលនេះពួកយើងត្រូវការ ឈើដើម្បីធ្វើផ្ទះនៅ តើអ្នកអាចជួយខ្ញុំបានទេ?
- សូមទោស (ដើមឈើតប) ខ្ញុំគ្មានផ្ទះឱ្យឯងទេតែឯងអាចកាត់យកមែករបស់ខ្ញុំទៅធ្វើផ្ទះ។ ដូច្នេះហើយក្មេងប្រុសនោះក៏កាត់មែកឈើទៅធ្វើផ្ទះ ហើយចាកចេញទៅយ៉ាងសប្បាយរីករាយ ចំណែកដើមប៉ោមក៏សប្បាយចិត្តដែរ ពេលឃើញក្មេងប្រុសសប្បាយចិត្ត តែក្មេងនោះមិនបានត្រឡប់មកវិញទេ។
...ពេលក្មេងនោះមិនមកលេង។ ថ្ងៃមួយក្មេងប្រុសក៏ត្រឡប់មក ដើមប៉ោមសប្បាយចិត្តយ៉ាងខ្លាំង។
- មកលេងជាមួយខ្ញុំមក (ដើមឈើនិយាយ)
- ទេ! ខ្ញុំចាស់ហើយ (ក្មេងប្រុសតប) ខ្ញុំចង់ធ្វើដំណើរតាមទូកដើម្បីសម្រាកកាយ តើអ្នកអាចឱ្យទូកខ្ញុំមួយបានទេ។
- យកតួដើមរបស់ខ្ញុំទៅធ្វើទូកទៅ ឯងអាចធ្វើដំណើរបានឆ្ងាយ ហើយសប្បាយទៀតផង (ដើមឈើឆ្លើយ) ។ ដូច្នេះក្មេងប្រុសក៏កាប់ ដើមផ្លែប៉ោមដើម្បីធ្វើទូករួចគេបានចាកចេញទៅ ហើយក៏មិនដែលត្រឡប់វិញអស់រយៈពេលយ៉ាងយូរ ជាងសព្វដង។
ក្រោយមកក្មេងប្រុសត្រូវត្រឡប់មកវិញ បន្ទាប់ពីការចាកចេញអស់រយៈពេលច្រើនឆ្នាំមក។
- សូមទោសណា! ប្រុសតូចរបស់ខ្ញុំ ពេលនេះខ្ញុំគ្មានរបស់អ្វីឱ្យឯងទៀតទេ។ គ្មានផ្លែប៉ោមសម្រាប់ឯង...
(ដើមឈើនិយាយ)
- ខ្ញុំគ្មានធ្មេញនឹងទំពារវាទៀតទេ (ក្មេងប្រុសតប)
- ខ្ញុំគ្មានមែកឱ្យឯងឡើងលេង... (ដើមឈើនិយាយ)
- ខ្ញុំចាស់ហើយ មិនអាចឡើងបានទៀតទេ (ក្មេងប្រុសតប)
- ខ្ញុំពិតជាគ្មានអ្វីឱ្យឯងមែន... វត្ថុតែមួយគត់ដែលខ្ញុំនៅសល់គឺ គល់ឈើដែលជាប់ឬសនេះ
(ដើមឈើនិយាយដោយទឹកភ្នែក)
- ខ្ញុំមិនត្រូវការអ្វីច្រើនទេពេលនេះ ខ្ញុំគ្រាន់តែត្រូវការកន្លែងសម្រាប់សម្រាកប៉ុណ្ណោះ។ ខ្ញុំហត់ណាស់បន្ទាប់ពីការធ្វើដំណើរច្រើនឆ្នាំនេះ (ក្មេងប្រុសតប) គល់ឈើក៏ជាកន្លែងល្អសម្រាប់ខ្ញុំ សម្រាកដែរ។
- មកនេះមក៍... មកអង្គុយទីនេះហើយសម្រាកទៅ។
ដើមឈើហៅហើយ ក្មេងប្រុសក៏អង្គុយចុះ ធ្វើឱ្យដើមឈើត្រេកអរជា ខ្លាំងរួចញញឹម ជាមួយទឹកភ្នែក..
ដើមប៉ោមគឺ ប្រៀបបានទៅនឹងឪពុកម្តាយ របស់យើងអញ្ចឹង។ នៅពេលដែលពួកយើងនៅក្មេង... យើងចូលចិត្តលេងជាមួយគាត់... ពេលយើងធំឡើង យើងក៏ចាកចេញពីពួកគាត់... យើងត្រឡប់មករកគាត់វិញក្នុងពេលដែលយើងមានបញ្ហាតែប៉ុណ្ណោះ។ មិនថាទោះជាយ៉ាងណា ឪពុកម្តាយតែងតែចាំជួយយើងជានិច្ច។
អ្នកប្រហែលគិតថា ក្មេងប្រុសនោះឃោរឃៅចំពោះដើមឈើយើយ តែទាំងនេះគឺជាទង្វើដែលយើងគ្រប់គ្នាតែងតែធ្វើដាក់ ឪពុកម្តាយយើង។
ត្រូវស្រឡាញ់ឪពុកម្តាយរបស់យើងមិនថាពួកគាត់នៅទីណាទេ៕
0 comments:
Post a Comment